បាល់ទាត់៖ ក្លិបគិរីវង់សុខសែនជ័យបានប្រកាសនាំចូលសមាជិកថ្មីម្នាក់ទៀតហើយគឺខ្សែប្រយុទ្ធ តាំង សុភ័ក្ដ្រ ដែលផ្ទេរមកពីក្លិបណាហ្គាវើលដ៏ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ។ នេះគឺជាកីឡាករចំណូលថ្មីទី២ ដែលក្លិបមានមូលដ្ឋាននៅខេត្តតាកែវមួយនេះបាននាំចូលសម្រាប់ត្រៀមរដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង រដ្ឋ សំណាង ដែលផ្ទេរមកពីក្លិបសូលទីឡូអង្គរកាលពីថ្មីៗ។
គួរដឹងថា តាំង សុភ័ក្ដ្រ បានផ្ដើមអាជីពបាល់ទាត់ជាមួយក្រុមព្រែកប្រាកីឡាមុនផ្ទេរទៅក្លិបត្រាយអាស៊ី ដែលបច្ចុប្បន្នប្ដូរមកជាឈ្មោះក្លិបអង្គរថាយហ្គឺរ។ ប៉ុន្ដែឆ្នាំ២០២១ ដោយសារអង្គរថាយហ្គឺរបានរុះរើកីឡាករទ្រង់ទ្រាយធំ រូបគេក៏សម្រេចចូលរួមជាមួយក្លិបណាហ្គាវើលដ៏ មុនចាកចេញមកគីរីវង់ពេលនេះ។ គួរដឹងថា មកទល់ពេលនេះគិរីវង់សុខសែនជ័យទើបនាំចូលកីឡាករថ្មីបាន ២នាក់ប៉ុណ្ណោះបន្ទាប់ពីពួកគេធ្វើការរុះរើកីឡាករទ្រង់ទ្រាយធំ ដោយចែកផ្លូវជាមួយកីឡាកររហូតដល់ ១២នាក់ដើម្បីរៀបចំឡើងវិញត្រៀមរដូវកាលថ្មីខាងមុខ។ ទន្ទឹមជាមួយគ្នា ពួកគេក៏បានបន្ដកុងត្រាមួយចំនួនផងដែររួមមានកីឡាករ អ៊ាន ពន្លឺ, ជុង សុខា, លី មូស្លីម, ង៉ោល បូរី និងកីឡាករ Julein William Koum ជាដើម៕