បាល់ទាត់៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ៤សម័យបឹងកេតអែហ្វស៊ីបានប្រកាសចុះកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសហការជាមួយក្លិបក្របខណ្ឌលីគកំពូលជប៉ុន Shonan Bellmare ដោយផ្ដោតលើកិច្ចសហការ ៤ចំណុចរហូតដល់ដើមឆ្នាំ២០២៤។
យោងតាមការជូនដំណឹងរបស់ក្រុមរហស្សនាមនាគខៀវកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចសហការទាំង ៤ចំណុចរវាងក្លិបទាំងពីររួមមាន៖ ១. ការផ្លាស់ប្តូរដ៏មានតម្លៃនៃក្រុមឈុតធំ ដែលផ្តោតសំខាន់លើការផ្ទេរកីឡាករ, ការបញ្ជូនបុគ្គលិក និងការគាំទ្រដល់ការបោះជំរុំហ្វឹកហាត់ជាដើម។ ២. ការផ្លាស់ប្តូរគ្នានូវថ្នាលបណ្តុះបណ្តាលយុវជន ដែលផ្តោតសំខាន់លើការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កីឡាករ បុគ្គលិកនៃក្រុមគ្រូបង្គោល និងការចូលរួមក្នុងការប្រកួតនៃក្រុមទាំងពីរ។ ៣. ការចែករំលែកព័ត៌មានដែលផ្តោតសំខាន់ជុំវិញព័ត៌មាននៃកីឡាកររបស់ក្រុមទាំងពីរ ក្រុមការងារគ្រូបង្គោល ព័ត៌មាននៃការប្រកួតនានា និងវិធីសាស្ត្របណ្តុះបណ្តាលជាដើម។ ៤. កិច្ចសហប្រតិបត្តិការអាជីវកម្មដែលផ្តោតសំខាន់ជុំវិញការលក់លើកញ្ចប់ឧបត្ថម្ភ ការលក់សំបុត្រ ការលក់សម្ភារៈអនុស្សាវរីយ៍ ការរៀបចំការកំសាន្ត និងការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រ។ តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅបឹងស្នោរនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលរយៈពេល ២ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕