កូរ៉េខាងជើង៖ នៅថ្ងៃសុក្រនេះប្រទេសកូរ៉េខាងជើងបានស្តីបន្ទោសរដ្ឋបាលលោក Biden ចំពោះកាដាក់ទណ្ឌកម្មថ្មីលើប្រទេសនេះ ដោយសារតែការបាញ់សាកល្បងមីស៊ីលចុងក្រោយបំផុតរបស់ខ្លួន និងបានព្រមានពីចំណាត់ការកាន់តែខ្លាំង និងជាក់លាក់ជាងមុន ប្រសិនបើក្រុងវ៉ាស៊ីនតោននៅតែបន្តជំហរប្រឈមមុខដាក់គ្នាដូច្នេះទៀតនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យដែលគេមិនស្គាល់ម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើង បានការពារការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីៗរបស់កូរ៉េខាងជើងថា ជាសមយុទ្ធការពារខ្លួនដ៏ត្រឹមត្រូវបំផុត។ អ្នកនាំពាក្យរូបនោះបាននិយាយថា ទណ្ឌកម្មថ្មីទាំងនោះបានគូសបញ្ជាក់ពីចេតនាជាអរិភាពរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យប្រទេសនេះឯកោ និងរារាំងកូរ៉េខាងជើង ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់ក្រុងព្យុងយ៉ាងឱ្យបន្តការទូតឡើងវិញ ដែលបានជាប់គាំងជុំវិញការខ្វែងគំនិតគ្នាអំពីការបន្ធូរបន្ថយទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរជាដំណាក់កាល។
កាលពីថ្ងៃពុធរដ្ឋបាលលោក Biden បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ជុំវិញតួនាទីរបស់ពួកគេក្នុងការទិញសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងនៅសប្ដាហ៍នេះ និងបាននិយាយផងដែរថា ខ្លួននឹងស្វែងរកការដាក់ទណ្ឌកម្មថ្មីលើប្រទេសឯកោមួយនេះ ពីអង្គការសហប្រជាជាតិ៕