(ប៉ារីស)៖ ក្លិបបាល់ទាត់ Paris Saint-Germain បានពន្យារពេលការចូលរួមរបស់ពួកគេ ក្នុងព្រឹត្តិការណ៍បោះជំរុំហ្វឹកហាត់ និងស្វែងរកបទពិសោធន៍ថ្មី Qatar Winter Tour 2022 ដោយសារតែករណីកូវីដ១៩ បន្តកើនឡើង, នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។
ប្រទេសបារាំង បានរាយការណ៍រកឃើញ ករណីវិជ្ជមានកូវីដ១៩ ជិត៣៧០,០០០ករណី នៅថ្ងៃអង្គារ, ស្របពេលដែលករណីឆ្លងថ្មីជាមធ្យម ក្នុងរយៈពេល៧ថ្ងៃ ត្រូវបានគេកំណត់ជាកម្រិតខ្ពស់ថ្មីមួយ ដោយមានជាង២៨៣,០០០ករណី។
“ដោយមើលពីស្ថានភាពសុខាភិបាល នៅបារាំង, Paris Saint-Germain បានសម្រេចពន្យារពេលទៅពេលក្រោយ ចំពោះការចូលរួម Qatar Winter Tour 2022 ដើម្បីការពារសុខភាព នៃបុគ្គលិក និងកីឡាកររបស់ខ្លួន”, នេះបើក្លិបបានឲ្យដឹងនៅលើគេហទំព័រ។
PSG គ្រោងនឹងបោះជំរុំហ្វឹកហាត់ខ្នាតតូច រយៈពេល៣ថ្ងៃ នៅប្រទេសកាតា ដោយចាប់ពីថ្ងៃទី១៦ដល់១៨ ខែមករាខាងមុខ បន្ទាប់មកនឹងមានការប្រកួតមួយ ដោយតទល់នឹងក្រុមក្នុងតំបន់ នាទីក្រុង Riyadh នៅថ្ងៃទី១៩ ខែមករា។
ក្លិបបារាំងមួយនេះ បានរាយការណ៍ពីករណីវិជ្ជមានជំងឺកូវីដ១៩ជាច្រើនករណី ក្នុងខែនេះ ជាមួយនឹងកីឡាករមួយចំនួន ក្នុងនោះរួមទាំងខ្សែប្រយុទ្ធ Lionel Messi ផងដែរ៕