(ប្រេស៊ីល)៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់រលំផ្ទាំងថ្ម លើកាណូតដឹកក្រុមអ្នកទេសចរដែលកំពុងជិះកម្សាន្ត នៅតំបន់ជ្រលងទឹកជ្រោះមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។
បើតាមក្រុមអ្នកជួយសង្រ្គោះ ផ្ទាំងថ្មនៃជ្រោះខាងលើនេះ ស្រាប់តែបាក់ចុះមកភ្លាមៗពីជ្រលងទឹកជ្រោះ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងប្រទេសប្រេស៊ីល) នៅឯទីក្រុង កាពីតូលីយ៉ូ (Capitolio) នៃរដ្ឋ មីណាស់ ហ្គឺរែស (Minas Gerais) ហើយបានធ្លាក់ចំកាណូតដឹកអ្នកដំណើរមួយគ្រឿង ដែលនៅក្រោមនោះ។ ហេតុការណ៍ដ៏រន្ធត់នេះក៏ត្រូវបានគេចែកចាយ នៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ និងអ្នកមុជទឹកបានចុះទៅស្រង់យកសាកសពមនុស្ស ៣នាក់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០នាក់ និង ៣០នាក់ផ្សេងទៀតរងរបួស៕