(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញលេងកីឡាវាយកូនគោល ដោយសម្តេចចាត់ការលេងវាយកូនគោល នៅថ្ងៃនេះ គឺដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ ៧មករា និងបន្ទាប់ពីការនឿយហត់ ប៉ុន្មានថ្ងៃជាប់ៗរបស់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពលើ Facebook អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «វាយកូនគោល ដើម្បីអបអរសាទរខួប៤៣ឆ្នាំ នៃថ្ងៃរំដោះ៧មករានិងបន្ទាប់ ពីការនឿយហត់ប៉ុន្មានថ្ងៃកន្លងមក»។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនាព្រឹកថ្ងៃម្សិលមិញ បន្ទាប់ពីទស្សនកិច្ចប្រកបដោយផ្លែផ្កា នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បើទោះបីមិនប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៣ នៃថ្ងៃជ័យជម្នះ ៧មករាក្តី ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតប្រកបដោយអត្ថន័យ ជូនបងប្អូនជនរួមជាតិខ្មែរ។
ក្នុងសារលិខិត សម្តេចតេជោបញ្ជាក់ថា ជាសច្ចធម៌ប្រវត្តិសាស្រ្ត បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា ប្រជាជនកម្ពុជាពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ។
សម្តេចសូមលំឱនកាយគោរពឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិរាប់លាននាក់ ដែលត្រូវសម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបប ប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប។
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន៕