កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវទប់ស្កាត់ឲ្យបានតឹងរឹង ចំពោះបញ្ហាការលួចនាំយកទូរស័ព្ធឲ្យអ្នកជាប់ពន្ធនាគារ ដែលអាចបង្កើតឱកាសឲ្យពួកគេ ប្រព្រឹត្តិបទល្មើសបន្ថែម ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បញ្ហាអ្នកជាប់ពន្ធនាគារនេះ ត្រូវត្រួតពិនិត្យទប់ស្កាត់ ឲ្យបានតឹងរឹងបំផុស ការលួចនាំយកទូរស័ព្ទដៃពីខាងក្រៅឲ្យទណ្ឌិត ព្រោះកន្លងមកមានករណីអ្នកទោស ប្រើប្រាស់ទូរស័ព្ទតេ ទាក់ទងទៅខាងក្រៅ ប្រព្រឹត្តិបទល្មើសផ្សេងៗ ។
សម្ដេចបានន្ថែមថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ មិនអនុញ្ញាតឲ្យ មានទូរស័ព្ទក្នុងពន្ធនាគារឡើយ ប៉ុន្ដែឲ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំង ថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ ដោយមន្រ្តីពន្ធនាគារត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ ដូច្នេះត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការព្រួយបារម្ភផងដែរ ចំពោះការកើនឡើង នៃយុវជនជាទំពាំងស្នងឫស្សី ពិសេសអនីតិជន បានប្រព្រឹត្តិបទល្មើសផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះដូចជាបទល្មើសគ្រឿងញៀនជាដើម ដោយសម្ដេចបានជំរុញដល់ភាគីពាក់ព័ន្ធ បន្តដោះស្រាយបញ្ហានេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកជាប់ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជាមានជិត ៤ម៉ឺននាក់ ក្នុងនោះអ្នកទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានរហូតដល់ជាង ៥១ភាគរយ ហើយក្នុងចំណោមអ្នកទោសទាំងអស់នោះ ក៏មានអនីតិជនផងដែរ ៕