(សិង្ហបុរី)៖ ក្រុមដំរីសឹកថៃ បានយកឈ្នះគូប្រជែងវៀតណាម ២-០ សម្រាប់ជើងទី១ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ដ្បិតម្ចាស់ផ្ទះសិង្ហបុរី លេងស្មើ ១-១ ជាមួយឥណ្ឌូនេស៊ី។
នេះជាលើកទី១០ ផងដែរដែលថៃបានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយនៃពានប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្រៅពីធ្លាប់ឈ្នះជើងឯកបាន ៥ដងច្រើនជាងគេ និងរងជើងឯកបាន ៣ដង នៅពេលពួកគេឈ្នះចុងក្រោយក្នុងឆ្នាំ២០១៦ កន្លងទៅ។
កីឡាករខ្សែបម្រើប្រយុទ្ធ Chanathip Songkrasin ដែលត្រូវបានជ្រើសរើសចេញពីក្លិបជប៉ុន Consadole Sapporo នោះរកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៤ និងនាទី២៣ ដើម្បីធ្វើការនាំមុខក្រុមការពារតំណែងជើងឯកវៀតណាមដែលដឺកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ក្រោយ១ថ្ងៃពេលសិង្ហបុរី ប៉ះឥណ្ឌូនេស៊ី។
គួរជម្រាបផងថា ដោយសារវិបត្តិកូវីដ-១៩ សិង្ហបុរី ត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះសម្រាប់ពានលេង ២ឆ្នាំម្តង និងត្រូវបានពន្យារពេល ១ឆ្នាំផងដែរ ប៉ុន្តែនៅរក្សារូបមន្តលេង ២ជើងដដែលសម្រាប់វគ្គ ៤ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ៕