ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចពិចារណាលើការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមជួរមុខប្រមាណ៥០ម៉ឺននាក់ ដោយប្រើប្រាស់វ៉ាក់សាំង ប្រភេទ Pfizer ជាជំនួយរបស់អូស្រ្តាលី ដែលនឹងមកដល់នៅចុងសប្ដាហ៍នេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលគយ នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំង ប្រភេទ Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ដែលនឹងមក ដល់នៅថ្ងៃទី២៦ ខែធ្នូនេះ ហើយដែលសម្ដេចនឹងទៅទទួលដោយផ្ទាល់ផងនោះ នឹងត្រូវចាក់ជូនក្រុមជួរមុខ ដូចជា គ្រូ ពេទ្យ ទាហាន មន្ត្រីរាជការ ដែលមានចំនួនប្រមាណ ៥០ម៉ឺននាក់ សម្រាប់ដូសទី៤។
សម្តេចតេជោ បានបញ្ជាក់សារជាថ្មីថា ការព្យាបាលកូវីដ-១៩ ដោយមិនយកលុយ គឺមានតែស្រុកខ្មែរទេ។ ទាក់ទិននឹងការឆ្លងកូវីដនេះ ជាពិសេសប្រភេទមេរោគបំប្លែងថ្មី អូមីក្រុងនោះ សម្តេចបានបញ្ជាក់ពីការឆ្លងមេរោគកូវីដប្រភេទថ្មីអូមីក្រុង គឺសូមកុំស្លន់ស្លោ ព្រោះមេរោគនេះ បើតាមពិនិត្យទៅ មិនមានអ្វីធ្ងន់ធ្ងរទេ៕