(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានទម្លាយនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន បង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនិងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឲ្យបាន។
លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។
អានលិខិតនេះ និងយល់ពី ម៉ាណែត កាន់តែច្បាស់ហើយ អ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្រ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រ័ជាន់ខ្ពស់នៅសកលវិទ្យាល័យញូវយ៉ក។
ម៉ាណែត ធ្លាប់ បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំង ដោយស៉ីឈ្នួលបេះផ្លែប៉ោមឲ្យគ្រួសារនេះ ដើម្បីរៀនភាសារបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិទ្យា សម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ»៕