ត្បូងឃ្មុំ៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានដុតបំផ្លាញចោលអាល់កុល ជិតពីរពាន់លីត្រ ដែលមានសារធាតុមេតាណុល និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពមួយចំនួនទៀត ដែលត្រូវបានរឹបអូសយកពីអ្នកលក់ ក្នុងពេលកន្លងមក។
លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលដែលត្រូវបានបំផ្លាញចោល គឺអាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើឱ្យពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បាន បើផឹកវាជាពិសេសមិនអាចកម្ចាត់មេរោគកូវីដ-១៩។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឱ្យប្រុងប្រយ័ត្ន មុននឹងទិញ ក៏ដូចជាប្រើ ប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់ កុលក្លែងក្លាយ ទំនិញចំណីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។
លោក បានអំពាវនាវផងដែរដល់អ្នកផលិត និងអ្នកលក់ កុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ហើយវាជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះ មុខច្បាប់៕