(ភ្នំពេញ)៖ ក្រុមជម្រើសជាតិវៀតណាម និងឥណ្ឌូនេស៊ី បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងជំនួបបញ្ចប់ពូល B នារាត្រីថ្ងៃអាទិត្យនេះ ខណៈវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-០ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី ។
ជំនួបបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃកម្ពុជានេះ ធ្វើពុំបានល្អនោះទេ ដោយត្រូវក្រុមការពារតំណែងជើងឯកវៀតណាម នាំមុខ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Irfan Jay នៅនាទី៣៦ និងនាទី៤៣ មុនបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ Pratama Arhan នៅនាទី៥០ និងកីឡាករ Elkan Baggott នៅនាទី៨២ ។ រីឯក្រុមឥណ្ឌូនេស៊ី បានទម្លាក់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៤-១ ។
ជ័យជម្នះនេះ បានធ្វើឲ្យវៀតណាម និងឥណ្ឌូនេស៊ី ឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់នេះ ហើយត្រូវប្រកួតខ្វែងជាមួយក្រុមលេខ១ និងលេខ២ នៃពូល A គឺក្រុមដំរីសឹកថៃ និងម្ចាស់ផ្ទះសិង្ហបុរី ដែលការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF Suzuki Cup 2020 នឹងធ្វើឡើងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយវៀតណាម ត្រូវជួបថៃ និងឥណ្ឌូនេស៊ី ត្រូវជួបសិង្ហបុរី ៕