(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Novavax ដែលសហការផលិតជាមួយវិទ្យាស្ថាន សេរឹម (Serum) នៅក្នុងប្រទេសឥណ្ឌា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនទាំងពីរនេះ អាចផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេ ទៅកាន់កម្មវិធី COVAX បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។
វ៉ាក់សាំងដែលទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ WHO ខាងលើនេះមានឈ្មោះថា ខូវ៉ូវ៉ាក់ (Covovax)។ វាគឺជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Novavax ដែលបានជួបប្រទះការពន្យារពេល លើការទទួលស្គាល់វ៉ាក់សាំងរបស់ខ្លួន ជាយូរណាស់មកហើយ។ ក្រោយ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Covovax តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Novavax បានកើនឡើងប្រមាណ ៦.៤%។
សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Novavax ផ្ទាល់មានឈ្មោះថា នូវ៉ាសូវីដ (Nuvaxovid) បច្ចុប្បន្ននេះក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ ដោយនិយ័តករឱសថអឺរ៉ុប (EMA) ផងដែរ។ WHO នឹងធ្វើការសម្រេចចិត្តចំពោះ វ៉ាក់សាំង Nuvaxovid របស់ Novavax បន្ថែមទៀត ក្រោយ EMA ចេញរបាយការណ៍របស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Novavax និងវិទ្យាស្ថាន Serum របស់ឥណ្ឌា ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោកនេះបានប្តេជ្ញាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់ជាង ១.១ពាន់លានដូស ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ ប្រការនេះត្រូវបានគេមើលឃើញថា នឹងជួយឲ្យ WHO សម្រេចបានលទ្ធផលបន្ថែមទៀត ជុំវិញផែនការចែកចាយវ៉ាក់សាំង ទៅដល់ប្រទេសក្រីក្រជាចម្បងរបស់ខ្លួន៕