(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានជំរុញឱ្យមាន «ការជឿទុកចិត្តទាំងស្រុង» លើមេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong-un) ខណៈដែលប្រទេសនេះ បានប្រារព្ធពិធីគម្រប់ខួប ១០ឆ្នាំជូនចំពោះវិញ្ញាណក្ខន្ធអតីតមេដឹកនាំ លោក គីម ជុងអ៊ីល (Kim Jon-il) នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។
លោក Kim Jong-il បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីបានគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីមរណភាពរបស់ឪពុកលោក និងជាបិតាស្ថាបនិកជាតិ នោះគឺលោក គីម អ៊ីលស៊ុង (Kim II-sung) នៅក្នុងឆ្នាំ១៩៩៤។ លោក គីម ជុងអ៊ុន គឺកូនប្រុសវ័យក្មេងជាងគេរបស់លោក គីម ជុងអ៊ីល ហើយក៏ជាមេដឹកនាំត្រកូល គីម ក្នុងជំនាន់ទី ៣ នៅកូរ៉េខាងជើងផងដែរ។
នៅក្នុងអត្ថបទពិសេសមួយ ដែលស្ថិតនៅទំព័រមុខរបស់កាសែតផ្លូវការកូរ៉េខាងជើង គឺ រ៉ូដុង ស៉ីនមុន (Rodong Sinmun) បានសរសេរថា ប្រទេសជាតិគួរតែត្រូវជំរុញទៅមុខ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅឆ្នាំទី ១ នៃផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំរបស់ខ្លួន ដែលបានបង្ហាញនៅក្នុងសមាជគណបក្ស កាលពីខែមករាកន្លងទៅនេះ ក្រោមការដឹកនាំផ្ទាល់របស់លោក Kim Jong-un។
អត្ថបទពិសេសខាងលើនេះ បានគូសបញ្ជាក់បន្ថែមថា «ប្រជាជន និងទាហានទាំងអស់ គួរតែមានការជឿទុកចិត្តទាំងស្រុងលើមេដឹកនាំ (លោក គីម ជុងអ៊ុន) ក៏ដូចជាការប្រគល់ជោគវាសនា និងអនាគតរបស់ពួកគេ ឱ្យប្រមុខដឹកនាំទាំងស្រុង និងការពារសុវត្ថិភាព ព្រមទាំងសិទ្ធិអំណាចរបស់លោក»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងចាប់ផ្តើមប្រារព្ធ ពិធីរំលឹកខួបខាងលើនេះ ជាមួយនឹងព្រឹត្ដិការណ៍ជាច្រើន ដើម្បីរំលឹកដឹងគុណចំពោះស្នាដៃមេដឹកនាំជំនាន់មុន និងបង្ហាញពីភាពស្មោះត្រង់ ចំពោះមេដឹកនាំជំនាន់ក្រោយ។ លោក Kim Jong-un ត្រូវបានគេរំពឹងថា នឹងទៅគោរពវិញ្ញាណក្ខន្ធរបស់ឪពុកលោកនៅឯវិមាន គុមស៊ូសាន ឬ វិមាននៃព្រះអាទិត្យ (Kumsusan Palace of the Sun) ដូចរាល់ឆ្នាំ៕