ភ្នំពេញ៖ បន្ទាប់ពីកម្ពុជារកឃើញវត្តមានវីរុសកូវីដបំលែងថ្មី អូមីក្រុង ជាលើកដំបូង នៅថ្ងៃទី ១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ បូករួមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ប្រជាជពលរដ្ឋកុំភ័យស្លន់ស្លោ បន្ទាប់ពីកម្ពុជារកឃើញវត្តមានវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី អូមីក្រុង។
សម្តេចបន្តថា ការភ័យខ្លាចជ្រុល អាចនាំឲ្យមានការធ្វេសប្រហែលលើការទប់ស្កាត់នូវមេររោគកូវីដ-១៩ ប្រភេទដែលតា ដែលសម្លាប់មនុស្សច្រើនជាងមេរោគអូមីក្រុង។ យ៉ាងណាក៏ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ សម្តេចតេជោ បន្តអំពាវនាវដល់ពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បូករួមនឹងការទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីជូនព័ត៌មានពីការឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំលែថ្មីអូមីក្រុង ដែលលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ករណីវិជ្ជមានមេរោគបំលែងថ្មី អូមីក្រុងនេះ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។
ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (ស្ថិតនៅអាហ្រ្វាកខាងលិច) ឆ្លងកាត់តាមឌូប៉ៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ឃើញថា មានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់មកបញ្ជូនវត្ថុសំណាកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បំលែងថ្មីអូមីក្រុង។
បច្ចុប្បន្នអ្នកជំងឺខាងលើកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
វីរុសកូវីដ-១៩ បំលែងថ្មី អូមីក្រុង( Omicron) ត្រូវបានប្រកាសរកឃើញជាលើដំបូង កាលពីចុងខែវិច្ឆិកា ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង។ បន្ទាប់ពីបានរកឃើញមេរោគថ្មីនេះ អង្គការសុខភាពពិភពលោកបានកំណត់ថា វីរុសនេះ ស្ថិតក្នុងក្តីព្រួយបារម្ភ ដោយអ្នកវិទ្យាសាស្រ្តកំពុងបន្តពិនិត្យតាមដាន៕