ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីឆ្លងលើកដំបូងនូវមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ដែលបានកើតលើស្ត្រីជនជាតិខ្មែរម្នាក់ដែលធ្វើដំណើរមកពីក្រៅប្រទេស។
ករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅយប់ថ្ងៃទី១៤ ខែធ្នូនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុងនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ ដែលទើបធ្វើដំណើរវិលត្រឡប់មកពីប្រទេសហ្កាណា ស្ថិតនៅអាហ្វ្រិកខាងលិច។
បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនេះដែលមានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀងនោះ មានផ្ទះពោះចំនួន១៥សប្ដាហ៍ ហើយបានធ្វើដំណើរឆ្លងកាត់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយបន្តដំណើរទីក្រុងបាងកក ប្រទេសថៃ មុននឹងមកដល់កម្ពុជានៅថ្ងៃទី១២ ខែធ្នូ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង៕