(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសគ្រូបង្វឹកថ្មី ជំនួសកៅអីអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Orio Mohedano Segura ហើយ ដើម្បីត្រៀមដឹកនាំក្រុមនារដូវកាលថ្មីខាងមុខ គឺបុរសជនជាតិអង់គ្លេស លោក Alistair Heath ដែលធ្លាប់ចំណាយពេល ៧ឆ្នាំដឹកនាំក្រុមយុវជនក្លិប Leicester City។
គ្រូបង្វឹកមានបទពិសោធន៍ជោគជាំក្នុងការដឹកនាំក្រុមយុវជនជាច្រើននៅអឺរ៉ុប និងអាស៊ីរូបនេះបានបង្ហាញមោនទភាព និងរីករាយជាខ្លាំង បន្ទាប់ពីលោកបានមកប្រកបអាជីពគ្រូបង្វឹកលើកដំបូងនៅកម្ពុជា ជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប ក្រោយទទួលបានជោគជ័យក្នុងការចរចាគ្នាជាច្រើនសប្ដាហ៍កន្លងមក។
លោក Alistair Heath បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្លិបក្របខណ្ឌលីគកំពូលកម្ពុជានេះថា «ខ្ញុំគិតថា ជាមួយអង្គរថាយហ្គឺរ ខ្ញុំអាចបញ្ចេញនូវសក្ដានុពល បន្ទាប់ពីខ្ញុំបានឃើញតាមរយៈការខិតខំប្រឹងប្រែង។ ជាការពិតណាស់ វានឹងមានការពិបាក។ បាល់ទាត់នៅកម្ពុជា ប្រាកដណាស់គឺមានសក្ដានុពលក្នុងការឡើងកម្រិតនៃអ្វីដែលយើងអាចបង្កើតបាន ហើយខ្ញុំនឹងក្លាយជាផ្នែកមួយនៃរឿងនេះ»។
គួរដឹងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេសខាងលើ គឺកាន់សញ្ញាបត្រ UEFA Pro License។ មុនផ្ទេរមកដឹកនាំក្លិបអង្គរថាយហ្គឺឬ លោកធ្លាប់ដឹកនាំក្រុមជាច្រើន ពិសេសក្រុមយុវជន ដែលក្រៅពីក្រុមយុវជនក្លិប Leicester City លោកក៏ធ្លាប់ដឹកនាំក្រុមពាក់កណ្ដាលអាជីពជាច្រើននៅអង់គ្លេស ក៏ដូចជាធ្លាប់រួមចំណែកដឹកនាំក្រុមយុវជន U17 រហូតដល់ U23 នៃជម្រើសជាតិថៃទៀតផង៕