(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ប្រាប់មេដឹកនាំ G7 អំពីអាទិភាពសំខាន់របស់កម្ពុជានៅឆ្នាំក្រោយនេះ ក្នុងការចូលរួមដោះស្រាយបញ្ហារបស់ ប្រទេសមីយ៉ាន់ម៉ាដោយសន្តិវិធី និងកសាងសហគមន៍អាស៊ាន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
ការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូលរួមក្នុងកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ដែលរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១។
“ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធីក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា”។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅដើមខែមករា ខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ាន។
ការអញ្ជើញទៅទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅដើមខែមករា ឆ្នាំ២០២២ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ស្របពេលដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។
ការអះអាងរបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែល លោក វុនណា ម៉ោងល្វីន មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។
មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ លោកស្រី អោងសាន ស៊ូជី ប្រធានគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំកំពូលបក្សនេះមួយជំនួន ត្រូវបានចាប់ឃុំខ្លួន។ តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។
អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ដាច់ធ្វើឲ្យអាស៊ានមិនអាចស្វែងរកនូវកុងសង់ស៊ីសរបស់ខ្លួនបាន។
នៅចំពោះប្រមុខការទូតប្រទេសសមាជិកអាស៊ាន និងប្រទេស G7 លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញថា អាស៊ានជានិច្ច ជាកាល គឺជាអង្គការតំបន់ដែលសម្លឹងមើលទៅខាងក្រៅ ហើយចាត់ទុកសណ្តាប់ធ្នាប់តំបន់ដែលយកអាស៊ានជាស្នូល ជាគោលគ្រឹះនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ឧបនាយករដ្ឋមន្ត្រី បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និងមិនមែនរួបរួមសម្រាប់ការប្រឈមមុខដាក់គ្នានោះទេ ស្របពេលជំរុញឱ្យមានតម្រូវការធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់ការជឿជាក់និងការទុកចិត្តគ្នា និងពួតដៃគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមផ្សេងៗ ដែលការធ្វើដូចនេះ គ្រប់រដ្ឋទាំងអស់ មិនថាជារដ្ឋតូច ឬធំ អាចរស់នៅជាមួយគ្នា ជាមួយការប្រកួតប្រជែងដើម្បីភាពល្អប្រសើរទាំងអស់គ្នា៕