(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានណែនាំឲ្យរដ្ឋាភិបាលនានាលើពិភពលោក វាយតម្លៃឡើងវិញអំពីវិធានការថ្នាក់ជាតិ និងជំរុញល្បឿននៃយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ខណៈវាដូចជាលឿនពេក ក្នុងការបង្ហាញមន្ទិលចំពោះ ប្រសិទ្ធភាពនៃវ៉ាក់សាំងនានាបច្ចុប្បន្ន ក្នុងការទប់ទល់នឹងវីរុសថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងជុំវិញបញ្ហានេះថា ស្ថានការណ៍នៃការឆ្លងរាតត្បាត មេរោគបំប្លែងថ្មី (Omicron) អាចនឹងរីកកាន់តែធំឡើង ហើយវាដល់ពេលហើយដែលគ្រប់គ្នា ត្រូវចាប់ផ្តើមពីពេលឥឡូវនេះ ដើម្បីបង្កើនការទប់ស្កាត់ មុនពេលមានអ្នកជំងឺឆ្លងមេរោគ Omicron កាន់ច្រើននៅតាមមន្ទីរពេទ្យ។
លោក ថេដ្រូស អាដាណម បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះទៀតថា «យើងជំរុញឲ្យប្រទេសទាំងអស់បង្កើនការឃ្លាំមើល, ធ្វើតេស្ត និងរៀបចំសណ្តាប់ធ្នាប់។ ការធ្វេសប្រហែសណាមួយនាពេលឥឡូវនេះ នឹងបង្កឲ្យមនុស្សបាត់បង់ជីវិតទៅថ្ងៃមុខ…»។
បើតាមវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Mike Ryan) នាយកកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO បានថ្លែងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មេរោគបំប្លែងថ្មី Omicron ទំនងជាមិនអាក្រក់ ឬធ្វើឲ្យអ្នកជំងឺឈឺធ្ងន់ដូចវីរុសបំប្លែងខ្លួនមុនៗនោះឡើយ ប៉ុន្តែវាអាចចម្លងបានយ៉ាងលឿន ជាងវីរុស Delta ដែលកំពុងគ្រប់គ្រងពិភពលោក បច្ចុប្បន្ននេះទៅទៀត។ ដូច្នេះលោកបានណែនាំឲ្យគ្រប់ប្រទេស ព្យាយាមកាត់ផ្តាច់បណ្តាញនៃការចម្លង នៅពេលរកឃើញករណីវិជ្ជមាន Omicron ភ្លាមៗ៕