(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា ចំពោះការសម្រេចញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី របស់ធនាគារជាតិនៃកម្ពុជា សម្រាប់ប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងផ្តល់ផលវិជ្ជមានច្រើន សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងមានស្រាប់ ឲ្យពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ឲ្យកាន់តែមានគុណភាពជូនដល់អតិថិជន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក កាំង តុងងី បានថ្លែងឲ្យដឹងថា សេចក្តីសម្រេចរបស់ធនាគរជាតិនៃកម្ពុជានេះ នឹងជួយឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដែលកំពុងមានស្រាប់ ពង្រឹង និងពង្រឹកសេវាកម្មរបស់ខ្លួន ប្រកបដោយគុណភាពបន្ថែមទៀត ដើម្បីទាក់ទាញឲ្យប្រជាជនមានទំលាប់សន្សំតាមគ្រឹះស្ថានផ្លូវការ ដោយមិនប្រើប្រាស់ការសន្សំ តាមកូនជ្រូកដូចមុនៗនោះទេ។
លោកបានបន្ដថា «ចំពោះការសម្រេចរបស់ធនាគារជាតិនៃកម្ពុជានេះ ជារឿងត្រឹមត្រូវ ដោយសារតែបច្ចុប្បន្ននេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមើលឃើញថា ការផ្តល់សេវាហិរញ្ញវត្ថុរួមទាំងសេវាទទួលប្រាក់បញ្ញើរ បានទៅដល់ស្ទើរតែគ្រប់ផ្នែកទាំងអស់ក្នុងប្រទេសកម្ពុជា ដូចច្នេះមិនទាន់មានភាពចាំបាច់ ក្នុងការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានថ្មីៗ បន្ថែមទៀតនោះទេនាពេលបច្ចុប្បន្ននេះ»។
លោកបន្តថា គិតមកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមានធនាគារពាណិជ្ជ ចំនួន៥៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៦ ដែលទទួលបានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ ដែលចំនួននេះច្រើនគ្រប់គ្រាន់សម្រាប់វិស័យនេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ ជាការពិតការលើកទឹកចិត្ត ដល់អតិថិជនឲ្យចេះសន្សំប្រាក់ តាមគ្រឹះស្ថានផ្លូវការនៅតែជាអាទិភាព របស់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសារទម្លាប់នៃការសន្សំប្រាក់ នឹងជួយកាត់បន្ថយបញ្ហា ព្រមទាំងបង្កើតឱកាស ដល់ប្រជាជនកម្ពុជា ដែលនៅមិនទាន់មានទម្លាប់សន្សំបានល្អនៅឡើយ។
លោកបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរទាំង៦ ចំនួនអតិថិជនដាក់ប្រាក់បញ្ញើបានកើនឡើង ដល់ចំនួន២.៨៤៩.៣៤៤នាក់ ពោលកើនឡើងចំនួន៣៣.៦៨៦នាក់ ធៀបនឹងត្រីមាសមុន ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើង ដល់ ៤.០៧៣លានដុល្លាសហរដ្ឋអាមេរិក ពោលកើនឡើងចំនួន ១៩០លានដុល្លាសហរដ្ឋអាមេរិកធៀបនឹងត្រីទី២។
សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បន្តទៀតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ធនាគារនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្ត ចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕