អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃសុក្រថា កម្រិតនៃភាពអត់ឃ្លានដែលមិនធ្លាប់មានពីមុនមកត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលរដូវរងាកំពុងចូលមកដល់។ អ្នកនាំពាក្យរបស់អង្គការ UNHCR លោក Babar Baloch បាននិយាយថា វាជាវិបត្តិនៃភាពអត់ឃ្លាន ប្រជាជនគ្មានអាហារគ្រប់គ្រាន់ ហើយវាអាចមើលឃើញយ៉ាងច្បាស់។
អង្គការ UNHCR បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកាសម្រាប់រដូវរងា ដើម្បីជួយគ្រួសារដែលផ្លាស់ទីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងកន្លែងផ្សេងទៀតដើម្បីអាចទប់ទល់ក្នុងខែរដូវរងា។ លោកបាននិយាយពីទីក្រុងហ្សឺណែវ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុលថា មនុស្សជិត ២៣លាននាក់ស្មើនឹង ៥៥% នៃចំនួនប្រជាជនកំពុងប្រឈមមុខទៅនឹងកម្រិតនៃភាពអត់ឃ្លាន។ លោក Baloch និយាយថា មានការខ្វះខាតទីជម្រក សំលៀកបំពាក់កក់ក្តៅ ប្រេងឥន្ធនៈមិនគ្រប់គ្រាន់សម្រាប់ដុតកំដៅ បរិមាណអាហារមិនគ្រប់គ្រាន់ និងខ្វះបរិក្ខារពេទ្យ ដែលអ្នកជម្លៀសខ្លួនកំពុងប្រឈមមុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបាននិយាយថា សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ដក ២៥អង្សាសេ ហើយគ្រួសារដែលផ្លាស់ទីជាច្រើនខ្វះទីជម្រកត្រឹមត្រូវ។ អង្គការ UNHCR បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់ប្រជាជនចំនួន ៣.៥លាននាក់ដែលភៀសខ្លួនដោយជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕