អ៊ីស្រាអែល៖ ស្របពេលដែលបណ្ដាប្រទេសជាច្រើន កំពុងរៀបចំការតាំងដើមឈើណូអែលក្នុងរដូវកាលបុណ្យ Christmas នៅប្រទេសអ៊ីស្រាអែលមនុស្សរាប់រយនាក់បានសម្រុកទៅកាន់ទីលានចតុរង្គសំខាន់មួយក្នុងទីក្រុង Nazareth កាលពីរាត្រីថ្ងៃពុធ ដើម្បីគយគន់ទិដ្ឋភាពនៃការរៀបចំពិធីបំភ្លឺអំពូលភ្លើងលើដើមឈើណូអែលប្រចាំឆ្នាំ ទោះបីជាប្រទេសនេះរងគ្រោះ និងកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលពីវីរុស Covid-19 និងវីរុសបម្លែងខ្លួនថ្មី Omicron ក៏ដោយ។
ដើមឈើនេះត្រូវបានបំភ្លឺដោយអំពូលភ្លើងពណ៌ចម្រុះ ដែលទាក់ទាញមនុស្សម្នាឲ្យចូលទៅទស្សនា បង្ហាញអារម្មណ៍រីករាយ និងសំឡេងទះដៃអបអរហ៊ោកញ្ជ្រៀវកងរំពងរួមជាមួយការបាញ់កាំជ្រួច។ យោងតាមដំណើររឿងក្នុងសាសនាគ្រឹស្ត ទីក្រុង Nazareth ត្រូវបានចាតទុកជាកន្លែងពិសេសមួយសម្រាប់គ្រឹស្តសាសនា ជាទីដែលព្រះយេស៊ូធំធាត់ឡើង និងជាទីដែលទេវតាបានប្រាប់ព្រះនាង Mary ដែលជាមាតារបស់ព្រះយេស៊ូថា ព្រះនាងនឹងមានបុត្រជាព្រះ៕