WHO៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ (២៤ វិច្ឆិកា) ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 កាត់បន្ថយការឆ្លងវីរុសបម្លែងខ្លួនថ្មីដែលមានសមត្ថភាពឆ្លងខ្លាំង Delta ប្រហែល ៤០% ដោយព្រមានថា មនុស្សចេះតែគិតថាវ៉ាក់សាំងអាចធានាសុវត្ថិភាពបាន។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សជាច្រើនដែលបានចាក់វ៉ាក់សាំងរួចបានគិតខុសថា ការចាក់វ៉ាក់សាំងនេះមានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ។ អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធបានព្រមាន រដ្ឋាភិបាលកុំឱ្យពឹងផ្អែកលើវ៉ាក់សាំងតែមួយមុខ ដើម្បីដោះស្រាយការកើនឡើងនៃអត្រាឆ្លងវីរុស COVID-19 ខណៈការឆ្លងនៅតែបន្តកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងបណ្ដាប្រទេសដែលមានអត្រាវ៉ាក់សាំងខ្ពស់។ មនុស្សដែលមានប្រព័ន្ធការពារពេញលេញត្រូវតែប្រកាន់ខ្ជាប់នូវវិធានការដើម្បីជៀសវាងការឆ្លងវីរុស ហើយរួចផុតពីការឆ្លងបាន។ លោក Tedros បានទទូចដោយពន្យល់ពីរបៀបដែលវ៉ាក់សាំងមិនមានប្រសិទ្ធភាព ប្រឆាំងនឹងការឆ្លងវីរុសបម្លែងខ្លួនថ្មី Delta។
លោក Tedros បានប្រាប់អ្នកយកព័ត៌មានថា យើងមានការព្រួយបារម្ភអំពីការយល់ខុសលើសុវត្ថិភាពដែលថា វ៉ាក់សាំងបានបញ្ចប់ជំងឺរាតត្បាតសកល ហើយអ្នកដែលត្រូវបានចាក់វ៉ាក់សាំងបង្ការរួចហើយ មិនត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតទេ។“វ៉ាក់សាំងជួយជីវិតមនុស្ស ប៉ុន្តែមិនអាចការពារការឆ្លងបានពេញលេញទេ។ ទិន្នន័យបង្ហាញថា មុនពេលការមកដល់នៃវីរុសបម្លែងខ្លួនថ្មី Delta វ៉ាក់សាំងកាត់បន្ថយការឆ្លងប្រហែល ៦០%។ ជាមួយនឹងវីរុស Delta វាបានធ្លាក់ចុះដល់ប្រហែល ៤០%៕