(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីតំណែងនេះនៅចន្លោះក្រោយមរណភាពរបស់លោកបណ្ឌិត ងួន ញ៉ិល។
កិច្ចប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសមាជិករដ្ឋសភាដែលជាតំណាងរាស្រ្តចំនួន១០៦រូប ក្នុងនោះមានរបៀបវារៈសរុប៧។
លោក ជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ខេត្តព្រៃវែង ដែលជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកប្រវត្តិ-ភូមិវិទ្យានៅភ្នំពេញឆ្នាំ១៩៧៤។ ក្រៅពីនោះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសកលវិទ្យាល័យ «NCGU» នៃសហរដ្ឋអាមេរិក USA នៅឆ្នាំ២០០០, បញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ២០០៤, ជាប់ជាបណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនៈវិជ្ជា វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ២០១០។
លោក ជាម យៀប ធ្លាប់ក្លាយជាទាសករដាច់ថ្លៃនៃរបបខ្មែរក្រហមប៉ុលពត ដល់ឆ្នាំ១៩៧៧។ លោកធ្លាប់ជាសាស្ត្រាចារ្យនៅអនុវិទ្យាល័យកំពង់ត្របែក និងពាមរក៍ (ឆ្នាំ១៩៦៦-១៩៧០), ជានាយទាហានជាន់ខ្ពស់ក្នុងរបបលន់ នល់ (ឆ្នាំ១៩៧០-១៩៧៥), ជាអភិបាលខេត្តព្រៃវែង (ឆ្នាំ១៩៨០-១៩៨៧ ), ជាអនុរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី (ឆ្នាំ១៩៨៧-១៩៨៨), ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍បុព្វសិទ្ធឋានៈស្មើរដ្ឋមន្ត្រី (ឆ្នាំ១៩៨៨-១៩៩៣), លោកជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៣) និងបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា (ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន)៕