រុស្ស៊ី៖ ប្រមុខការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើផែនទីវិថី សម្រាប់ទំនាក់ទំនងផ្នែកយោធាឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដោយផ្ដោតលើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជាញឹកញាប់ របស់សហរដ្ឋអាមេរិកជិតព្រំដែនរបស់ប្រទេសទាំង២។
អំឡុងពេល video call រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu និងសមភាគីចិនរបស់លោកគឺលោក Wei Fenghe បានបង្ហាញពីផលប្រយោជន៍រួមគ្នា ក្នុងការបង្កើនសកម្មភាពសមយុទ្ធយោធាជាយុទ្ធសាស្ត្រ និងការល្បាតរួមគ្នាដោយប្រទេសរុស្ស៊ី និងចិន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ លោក Shoigu និយាយថា ប្រទេសចិន និងរុស្ស៊ីបានក្លាយជាដៃគូយុទ្ធសាស្ត្ររយៈពេលជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ននេះដោយសារភាពច្របូកច្របល់ខាងភូមិសាស្ត្រនយោបាយចេះតែកើន និងជម្លោះចេះតែរីកធំនៅក្នុងតំបន់នានាទូទាំងពិភពលោក ការអភិវឌ្ឍន៍នៃទំនាក់ទំនងរបស់យើងគឺជាការទាក់ទងគ្នាដ៏ពិសេស។ ប្រមុខការពារជាតិរុស្ស៊ីរូបនេះបានចង្អុលទៅកាន់ការហោះហើរកាន់តែច្រើនឡើង ពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ជិតព្រំដែនរុស្ស៊ី-ចិន ដោយនិយាយថា មានបេសកកម្មចំនួន ៣០ កាលពីជាងមួយខែមុន៕