បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះឆែកឆេរ ហាងជីង ឡុង រកឃើញថ្នាំបុរាណចិន និងឧបករណ៍ធ្វើតេស្តកូវីដ-១៩ ជាច្រើន ដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានរឹបអូស។ ការបង្ក្រាបនោះធ្វើទ្បើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់ឲ្យដឹថា ការចុះបង្ក្រាបហាង ជីង ឡុង លួចលក់ថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ-១៩ ជាច្រើន ដោយគ្មានច្បាប់អនុញ្ញាត មានការចូលរួមពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនិងក្រុមគ្រូពេទ្យជំនាញផងដែរ។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានឲ្យដឹងបន្តថា ដើម្បីពង្រឹងផលិតផលក្លែងក្លាយ ក្នុងស្រុកឲ្យមានគុណភាពលើទីផ្សារ រួមទាំងការពារ សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យមានសុខភាពល្អនោះលោកបានស្រាវជ្រាវចុះពិនិត្យទីតាំងហាងឬយីហោជីង ឡុង រកឃើញមានថ្នាំបុរាណចិន ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ដែលគ្មានច្បាប់អនុញ្ញាត បានរឹបអូសថ្នាំបុរាណចិននិងឧបករណ៍ធ្វើតេស្តកូវីដ-១៩ជាច្រើន។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានឲ្យដឹងបន្តថា ម្ចាស់ទីតាំងមានឈ្មោះ ចាន់ គឹមឡេង ភេទប្រុស អាយុ៣៦ ឆ្នាំ ដោយយោងតាមកំណត់ហេតុត្រួតពិនិត្យជាក់ស្តែងរបស់គណៈកម្មាធិការប្រឆាំង ផលិតផលក្លែងក្លាយរកឃើញ មានឱសថ LIANHUA QINGWEN JIAONANG ចំនួន១៣កេស ក្នុង១កេស ស្មើ៤០០ប្រអប់ VITAMIN.C ចំនួន២កេស ស្មើ៤០០ដប ឧបករណ៍តេស្តកូវីដ-១៩ ចំនួន២កេស ស្មើ៦០០តេស្ត ឱសថនិងបរិក្ខាពេទ្យគ្មានច្បាប់អនុញ្ញាត។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានបន្តថា ក្រោយពេលចុះនិត្យនិងរកឃើញឱសថ និងបរិក្ខាពេទ្យទាំងនេះ ដោយពុំមានច្បាប់អនុញ្ញាត និងប្រភពមិនច្បាស់លាស់ ទើប ព្រះរាជអាជ្ញា នៃ អយ្យការ សាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ទីតាំងជាក មើលថែដោយខ្លួនឯង និង តម្រូវឲ្យម្ចាស់ចូលទៅបំភ្លឺលើករណីនេះ ផងដែរ ៕