បាល់ទាត់៖ ក្រុមបាល់ទាត់សាមូរ៉ៃជប៉ុនបានបន្តដំណើរដេញតាម ២ក្រុមនៅលើក្នុងពូល B នៃវគ្គជំរុះជុំទី៣ តំបន់អាស៊ីនេះក្រោយយកឈ្នះនៅទឹកដីវៀតណាម ១-០ ស្របពេលក្រុមខាងលើទាំងពីរអូស្ត្រាលី និងអារ៉ាប៊ីសាអ៊ូឌីតធ្វើអ្វីគ្នាមិនបាន បានត្រឹមស្មើគ្នា។ ការប្រកួតនៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយប្រទេសវៀតណាម ជប៉ុនស្រែកឃ្លានជ័យជំនះដើម្បីឱកាសឆ្លងផុតវគ្គជំរុះ ដែលពួកគេចាប់ផ្ដើមមិនបានល្អនេះ។
គ្រាប់ជ័យជំនះរបស់ជប៉ុនសំរេចបាននៅនាទីទី១៧ ដោយ Junya Ito ដែលជាកីឡាករប្រកបអាជីពនៅក្លិបប៊ែលហ្ស៊ិក Genk។ ជ័យជំនះនេះធ្វើឱ្យជប៉ុនទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់បន្តឈរលេខ ៣ មាន ៩ពិន្ទុក្រោយឈ្នះ៣ ចាញ់២។ ចំណែកវៀតណាមអស់ឱកាសហើយក្រោយប្រកួត ៥លើកចាញ់ទាំង ៥។ ជាមួយគ្នានោះដែរក្រុមលេខ ១ អារ៉ាប៊ីសាអ៊ូឌីត និងក្រុមលេខ ២ អូស្ត្រាលីជួបគ្នាម្សិលមិញនៅទីក្រុងស៊ីដនីនោះ ក្រុមទាំងពីរធ្វើអ្វីគ្នាមិនបានឡើយដោយបានត្រឹមស្មើគ្នា ០-០ ដែលធ្វើឱ្យឱកាសប្រជែងកៅអី World Cup ២០២២ ក្នុងពូល B នេះបើកចំហ។ អារ៉ាប៊ីសាអ៊ូឌីតនៅតែជាក្រុមនាំមុខគេក្នុងពូលមាន ១៣ពិន្ទុក្រោយលេង ៥ប្រកួតឈ្នះ៤ ស្មើ ១ មិនដែលចាញ់ ខណៈអូស្ត្រាលីលេខ ២ មាន ១០ពិន្ទុក្រោយលេង ៥ប្រកួតឈ្នះ៣ ស្មើ១ ចាញ់១។
មួយគូទៀតលេងក្រោយគេយប់មិញ ចិន និងអូម៉ង់ចែកពិន្ទុគ្នាក្រោយស្មើគ្នា ១-១។ ខ្សែប្រយុទ្ធក្លិបអេស្ប៉ាញ Espanyol, Wu Lei បើកការនាំមុខមុនឱ្យចិននៅនាទីទី២១ តែប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ ពិភពលោកមួយនេះមិនអាចរក្សាការនាំមុខនេះបានឡើយ ពោលគឺអូម៉ង់ក៏តាមស្មើវិញនៅនាទីទី៧៥ ដោយ Al-Harthi។ លទ្ធផលនេះមានន័យថា ចិនបន្តឈរលេខ ៥ ក្នុងពូល B នេះមាន ៤ពិន្ទុពីការប្រកួត ៥លើក ខណៈអូម៉ង់ឈរលេខ ៤ មាន ៧ពិន្ទុ៕