(តូក្យូ)៖ ចំពោះមុខរដូវរងាដែលប្រទេសភាគច្រើនលើលោក កំពុងតែព្រួយបារម្ភខ្លាំងបំផុតនោះ ប្រទេសជប៉ុនវិញក៏បានត្រៀមរៀបចំ វិធានការទប់ទល់ឲ្យហើយផងដែរ ក្នុងនោះមានដូចជាការធានារក្សាទុក ថ្នាំលេបព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ប្រមាណ ១.៦លានដូស និងការបង្កើនសមត្ថភាពផ្ទុកអ្នកជំងឺ នៅតាមមន្ទីរពេទ្យប្រមាណ ៣០% បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
ជុំវិញវិធានការត្រៀមខាងលើនេះ, នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានលើកឡើង ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រនេះថា «តាមរយៈការធានានូវប្រព័ន្ធវេជ្ជសាស្រ្ដ បង្ការមុនរួចជាស្រេច ដោយផ្អែកលើសេណារីយ៉ូដ៏អាក្រក់បំផុត និងការពង្រឹងការព្យាបាលឲ្យទាន់ពេលវេលា យើងនឹងអាចបន្តសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់យើងបាន បើទោះបីជាមានករណីឆ្លងរីករាលដាលក៏ដោយ…»។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាល COVID-19 ឈ្មោះ ម៉ុលនូភើរ៉ាវៀរ (molnupiravir) ប្រមាណ ១.៦លានដូស ដែលអាចធានាការព្យាបាលអ្នកជំងឺ នៅតាមផ្ទះប្រកបដោយទំនុកចិត្ត។ បន្ថែមពីនេះ រដ្ឋាភិបាលជប៉ុនក៏នឹងរៀបចំកញ្ចប់ថវិកា ១៧.៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍថ្នាំលេបព្យាបាល COVID-19 នៅក្នុងប្រទេសផ្ទាល់ផងដែរ៕