(ភ្នំពេញ)៖ បន្ទាប់ពីចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោកស្រី ម៉ារីស ផេន បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន ក៏អញ្ជើញទៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។
ក្នុងឱកាសសម្ពោធអគារថ្មីរបស់ក្រួសួងរៀបចំដែនដី មុនទទួលស្វាគមន៍ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ដំណើររដ្ឋមន្ត្រីការបរទេស អូស្ត្រាលី នឹងមានរឿងជាច្រើនអាចត្រូវបានពិភាក្សា ដោយក្នុងនោះមានបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាក្រៅតំបន់ផងដែរ ក្នុងនោះលោកស្រីអាចនឹងមកពន្យល់ពី សម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS) ខណៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ សម្តេចបានបញ្ជាក់ថា កម្ពុជា និងអូស្ត្រាលី កំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អ ហើយទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែប្រសើរទៀត។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា បញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ អូស្រ្តាលី បានផ្តល់ការគាំទ្រជាខ្លាំង សម្រាប់ដំណើរឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះរួមមានទាំងការដើរតួនាទីនាំមុខនៅក្នុងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ បច្ចុប្បន្ន អូស្រ្តាលីនៅតែបន្តរក្សាការប្តេជ្ញាយ៉ាងរឹងមាំ ចំពោះការអភិវឌ្ឍរបស់កម្ពុជា។
សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២០ ទំនិញស្រដៀងគ្នាដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ ដែលជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ រីឯទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំអាស៊ានបានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។
ខណៈកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ដោយឡែកក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ រវាងលោកស្រី Marise Payne ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, លោកស្រី ម៉ារីស ផេន បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងដែរ៕