(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡាក សូមកុំឱ្យទាន់បើកឱ្យថ្នាក់មត្តេយ្យសិក្សាឡើងវិញ ព្រោះកុមារដែលមានអាយុអាចចូលសិក្សាកម្រិតមត្តេយ្យសិក្សា មិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅឡើយទេ។
ការណែនាំបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «អញ្ចឹងបានជាខ្ញុំសូមផ្តាំផ្ញើមត្តេយ្យកុំអាល់លឿនពេក ខ្ញុំចង់ឱ្យបឋម បើកមត្តេយ្យអត់ទាន់បានចាក់វ៉ាក់សាំង វាមានរឿងរបស់វាប្រយ័ត្នប្រយែង មត្តេយ្យកុំអាល់លឿនពេក អញ្ចឹងអីឡូវបានឱ្យចាក់អា៥ឆ្នាំ ព្រោះវាចូលបឋម អាយុ៣ឆ្នាំ ៤ឆ្នាំ យើងអត់ទាន់ឱ្យចាក់ទេ អញ្ចឹងយើងកុំអាល់លឿនពេក»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តក្រើនរំឮកដល់សិក្សានុសិស្ស និស្សិត ចាប់ពីកម្រិតថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មកវិទ្យាល័យ ដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសិក្សាឡើងវិញទាំងអស់នោះ ត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ក្នុងឱកាសសម្តេចតេជោ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុចាប់ពី៦ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ជាក់លាក់មួយ នៃដំណើរការឱ្យបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ពេលនេះមានចំនួន ២៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣សាលា, បឋមសិក្សា១៥០០សាលា, កម្រិតអនុវិទ្យាល័យ៧១៦សាលា និងកម្រិតវិទ្យាល័យ២៧២សាលា។
គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីណែនាំ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់។
ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំង ការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន»៕