ប៉ារ៉ាហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ ឬ ASEAN Para Games 2023 ដោយមោទនភាព បន្ទាប់ពីការប្រកួត ២លើកចុងក្រោយនៅហ្វីលីពីនកាលពីឆ្នាំ២០១៩ និងនៅវៀតណាមនាឆ្នាំ២០២២ ត្រូវបានលុបចោល។
ការគូសបញ្ជាក់នេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្ដោតលើរបៀបវារៈសំខាន់ៗពីរ ទី១-សេចក្ដីនែនាំស្ដីពីនីតិវិធីហិរញ្ញវត្ថុដោយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងទី២-សេចក្ដីឆ្លងផែនការយុទ្ធសាស្ដ្ររបស់ ASEAN Para Games។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា វាគឺជាមោទនភាព និងមុខមាត់ថ្មីមួយទៀតរបស់កម្ពុជា ដែលចាប់ផ្ដើមរៀបចំការប្រកួតកីឡាជនពិការអាស៊ានឡើងវិញ បន្ទាប់ពីការប្រកួត ២លើកចុងក្រោយត្រូវបានលុបចោល។ ក្នុងផែនការយុទ្ធសាស្ដ្រនោះដែរ កម្ពុជាបានត្រៀមកីឡាជនពិការយ៉ាងហោច ១៣ប្រភេទកីឡាដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ASEAN Para Games 2023។ ដូច្នេះថ្នាក់ដឹកនាំបានជំរុញការអភិវឌ្ឍសមត្ថភាពឲ្យបានមុតស្រួចបំផុត ដើម្បីត្រៀមការប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។
គួរបញ្ជាក់ថា កម្ពុជានឹងត្រូវដល់វេនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ASEA Para Games លើកទី១២ នាឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំការប្រកួតកីឡាជនពិការប្រចាំតំបន់នេះចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ពោលគឺក្រោយបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដដែល៕